Wednesday, April 19, 2017

រឿង ទីងមោង

1 comment :

...ពេលដែលកំពុងតែដើរតាមភ្លឺស្រែជាលើកទីមួយ កន្ទុយភ្នែកស្រាប់តែឃើញនរណាម្នាក់ឈរសម្លក់មកខ្ញុំ ។
-លោកយាយ!គាត់ជានរណា?
-គាត់ណាទៅចៅ?
...ដៃរបស់ខ្ញុំក៏ចង្អុលទៅរបស់នោះ ស្ថិតក្នុងសម្លៀកបំពាក់ចាស់រយីករយាក សក់វែងអន្លាយបាំងគ្របមុខជិត ដែលធ្វើឱ្យខ្ញុំត្រូវបែរមុខចេញព្រោះតែអារម្មណ៍ខ្លាច ។
-វាមិនមែនជាមនុស្សទេចៅ វាគឺទីងមោង យាយទុកសម្រាប់កុំឱ្យចាបស៊ីស្រូវ
ស្ថិតក្នុងវ័យ១៣ឆ្នាំ ខ្ញុំមិនសូវយល់ពីអ្វីដែលគាត់កំពុងតែពន្យល់នេះទេ ។
-តើគាត់ដេញចាបម៉េចទៅយាយ បើគាត់មិនឃើញកម្រើកផងនឹង!
លោកយាយគាត់សើច គាត់ហួសចិត្តនឹងសម្ដីដ៏ល្ងង់ខ្លៅរបស់ចៅប្រុសមកពីទីក្រុងម្នាក់នេះ ។ គាត់ព្យាយាមពន្យល់ខ្ញុំម្តងហើយម្តងទៀត ។
-វាមិនចេះកម្រើកមែន តែចាប រឺក្អែកនឹងខ្លាចវា ព្រោះតែវាមើលទៅគួរឱ្យខ្លាចនឹងណា !ចៅឃើញមុខវាទេ?ថ្វីបើមុខវាធ្វើមកពីល្ពៅពិតមែន តែវាមើលទៅដូចមនុស្សពិតៗ ដែលជាហេតុធ្វើឱ្យសត្វចង្រៃទាំងនោះ ច្រលំស្មានថា ជាមនុស្ស ទើបវាមិនហ៊ានមកស៊ីស្រូវយាយ ។ ម៉េចយល់ហើយឬ?
លោកយាយនិយាយត្រូវ មុខរបស់បុរសក្លែងក្លាយនេះមើលទៅស្ទើរលោះព្រលឹង ហើយខ្ញុំក៏ងាកទៅកន្លែងផ្សេង ស្រាប់តែចំងល់មួយទៀតបានផុសមកយ៉ាងលឿនក្នុងគតិរបស់ខ្ញុំ ។ ហេតុអ្វីបានជាស្រែលោកយាយមិនមានសត្វមួយមកបំផ្លាញសោះអ៊ីចឹង ផ្ទុយពីស្រែក្បែរនោះ សម្បូរទៅដោយចាបស៊ីស្រូវពពាក់ពពូន ទាំងដែលស្រែទាំងពីនេះមានបុរសទីងមោងដូចតែគ្នាសោះ។
-យាយ!ស្រែនោះម៉េចនៅតែមានសត្វទៀត បើវាមានទីងមោងមួយហើយតើ
ទឹកមុខយាយប្រែប្រួលភ្លាមមួយរំពេច ។
-តោះយប់ហើយ ទៅផ្ទះចៅ ម៉ាក់ចៅប្រហែលជាចាំបាយឯផ្ទះយាយហើយមើលទៅ។
លោកយាយព្យាយាមបិទបាំងការពិត។
នៅយប់នេះខ្ញុំគេងមិនលក់សោះ ។ ម៉ាក់និយាយថា ប្រហែលមកពីប្លែកកន្លែង ឫប្រហែលមកពីរំភើបចិត្តនឹងទេសភាបស្រុកស្រែពេក តែតាមការពិត គ្រប់ពេលបិទភ្នែក ខួរក្បាលខ្ញុំស្រមៃឃើញតែមុខបុរសទីងមោងរបស់លោកយាយ នៅស្រែលោកយាយនោះ។
ម៉ោង១២ពាក់កណ្តាលអាធ្រាត ។ ខ្ញុំធ្វើជាដេកលក់ ហើយនៅពេលដែលប្រាកដចិត្តថា ម៉ាក់ និងយាយគេងលក់ហើយ ខ្ញុំក៏លួចចេញពីមុង ហើយចេញពីផ្ទះនេះដោយ ផ្លោះចេញតាមបង្អួច (ព្រោះផ្ទះលោកយាយជាផ្ទះតៀម) ។ នៅខាងក្រៅអាកាសធាតុត្រជាក់ស្រឹប ខ្យល់បក់មកតិចៗ រួមជាមួយនឹងសំលេងឆ្កែលូដ៏គ្រលួច ធ្វើឱ្យខ្ញុំស្រមៃឃើញ អ្វីៗផ្ដេសផ្ដាស។ មេឃមិនងងឹតដល់ថ្នាក់ចាក់ភ្នែកមិនធ្លុះទេ ព្រោះបានពន្លឺពីព្រះចន្ទ្រា ល្មមអាចឃើញផ្លូវទៅស្រែបាន ។ ខ្ញុំយកពូថៅដែលដាក់ក្បែរនោះហើយរត់យ៉ាងលឿនទៅស្រែលោកយាយ ។ មិនជិតប៉ុន្មានទេពីផ្ទះទៅស្រែនោះ ។ នៅតាមផ្លូវ ខ្ញុំចេះតែមានអារម្មណ៍ថា ដូចជាមាននរណាព្យាយាមរត់តាមខ្ញុំ តែនៅពេលដែលងាកមើល ក៏គ្មានអ្វីក្រៅពីភាពស្ងប់ស្ងាត់ ។ វាពិតជាឆ្កួតៗណាស់ដែលនៅសុខៗ មករត់កាន់ពូថៅទៅស្រែម្នាក់ឯងទាំងកណ្ដាលអាធ្រាតនោះ តែគំរោងឡប់ៗរបស់ខ្ញុំនេះត្រូវតែបានសម្រេច ។
មិនយូរប៉ុន្មាន ខ្ញុំក៏មកដល់ស្រែលោកយាយ។ ខ្ញុំសម្លឹងមើលទៅទីងមោងនោះ ស្រាប់តែព្រឺសម្បុរខ្ញាក ហើយរារែកមិនចង់ចុះទៅក្បែរវា ។ ខ្ញុំព្យាយាមជំនះចត្តខ្លួនឯងហើយដើរតិចៗទៅជិតទីងមោងគួរឱ្យខ្លាចនោះ ។ បើរខ្ញុំមិនវាយបំបែកទីងមោងនេះទេ យប់នេះខ្ញុំច្បាស់ជាគេងមិនលក់មិនខាន ។ ខ្ញុំយារពូថៅតម្រង់ទៅក្បាលល្ពៅនោះ ។ល្ពៅបែកខ្ជាយ ហើយស្រាប់តែរាងកាយទីងមោងនេះស្ទុះមកចាប់ក្បាលខ្ញុំ ...........
[---]
នៅឯផ្ទះវិញ ស្ត្រីជាម្តាយ និងលោកយាយ ចលាចលព្រោះបាត់ក្មេងប្រុស ១៣ឆ្នាំពីមុង ។
-ម៉ែ!តិចវាទៅស្រែទៅ
ពួកគេទាំងពីរនាក់រត់យ៉ាងលឿនទៅកាន់ស្រែ ។ តែ , ពេលដែលពួកគេមកដល់ អ្វីៗវឆបឆនហួសអស់ទៅហើយ ក្មេងប្រុសដែលពួកគេទាំពីរកំពុងតែរកនេះបានក្លាយជាសាកសពកំបុតក្បាល ដែលដេកស្ដូកស្ដឹង ក្បែរទីងមោងនេះបាត់ទៅហើយ ។ ស្ត្រីជាម្ដាយស្រែកទ្រហោរយំព្រមទាំង ស្ទុះទៅឱបសាកសព ។ លោកយាយមើលទៅទីងមោង ដែលឈរធ្មឹងហាក់ដូចជាមិនដឹងរឿងអ្វីសោះ ។ក្បាលរបស់ទីងមោងពេលនេះ មិនមែនជាក្បាលល្ពៅទៀតទេ ។ លោកយាយសម្លឹងមើលក្បាលថ្មីរបស់ទីងមោងនោះ ហើយពោលតិចៗតែម្នាក់ឯង :
-នេះជាកំហុសរបស់យាយដែលយាយមិនបានប្រាប់ចៅថា ទីងមោងមួយនេះមានព្រាយសន្ធិត យាយសុំទោសចៅសម្លាញ់
-------------------------------ចប់-----------------------------------

1 comment :

  1. បងអាចសុំអត្ថបទក្នុងវេបសាយបងអានដាក់យូធូបបានទេបង?

    ReplyDelete